របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ទុក្ខកង្វល់របស់ប្រជាពលរដ្ឋគឺទុកកង្វល់របស់អាជ្ញាធរ អាជ្ញាធរមិនព្រងើយកន្តើយក្នុងការ ចុះជួយពលរដ្ឋឡើយ

38

(កំពង់ឆ្នាំង)៖ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ រួមដំណើរដោយ លោក ជំទាវ កែ ច័ន្ទមុនី អ្នកតំណារាស្ត្រ និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២៤នេះ បានអញ្ជើញចុះជួបប្រជាកសិករ និងពិនិត្យមើលការអន្តរាគមន៍ បូមទឹកសង្គ្រោះស្រូវរបស់ប្រជាកសិករ នៅក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ និងឃុំមេលំ ស្រុកបរិបូរណ៍។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ឆ្នាំនេះផ្ទៃដីស្រូវប្រាំងនៅក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ និងនៅឃុំមេលំ ស្រុកបរិបូរណ៍ មួយចំនួនបានខ្វះទឹកស្រោចស្រព ដោយសារឆ្នាំនេះ មានប្រជាកសិករ នៅប៉ែកខាងលើ ដែលមិនធ្លាប់ធ្វើស្រូវប្រាំង ពីមុនមកគាត់ចាប់ផ្តើមធ្វើដែរ។ ដូចនេះធ្វើឲ្យផ្ទៃដីស្រូវប្រាំង នៅប៉ែកខាងក្រោមចាប់ផ្តើមខ្វះទឹក ហើយក៏មកពីកត្តាធម្មជាតិមួយផ្នែកផងដែរ ។

ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា នៅពេលនេះ អាជ្ញាធរ និងជំនាញកំពុងយកចិត្តទុកដាក់ក្នុងការជួយអន្តរាគមន៍ ដោយបញ្ជូនគ្រឿងចក្រមកស្តារប្រឡាយ និងដាក់ម៉ាស៊ីនបូមទឹកខ្នាតធំបូមទឹកទម្លាក់តាមប្រឡាយនោះ នាំទៅស្រោចស្រពដំណាំស្រូវ ដែលកំពុងខ្វះទឹក។

ជាមួយគ្នានេះដែរ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានណែនាំដល់មន្ត្រីជំនាញ នៃមន្ទីរកសិកម្ម និងមន្ទីរធនធានទឹក ត្រូវតាម និងចុះពិនិត្យមើលជាប្រចាំនៅគ្រប់តំបន់ដែលមានប្រជាកសិករធ្វើស្រែប្រាំង បើមានករណីខ្វះទឹកត្រូវសហការជាមួយអាជ្ញាធរ ចុះជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលា។
ខេត្តកំពង់ឆ្នាំងរាល់បញ្ហាដែលកើតឡើងទុកកង្វល់របស់បងប្អូនប្រជាពលរដ្ឋអាជ្ញាធរចាប់ពីថ្នាក់មូលដ្ឋានភូមិ ឃុំរហូត ខេត្ត មិនព្រងើយកន្តើយក្នុងកិច្ចការងារដោះស្រាយជូនពលរដ្ឋទាំងអស់នោះឡើយ៕

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.