លោក សាយ ប៊ុនថេង អភិបាលរងស្រុក តំណាង លោក វន ស៊ីផា អភិបាលស្រុក បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីកិច្ចសហការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ..
(កំពង់ឆ្នាំង)÷ នៅព្រឹកថ្ងៃសុក្រ ១៥ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ លោក សាយ ប៊ុនថេង អភិបាលរងស្រុក តំណាង លោក វន ស៊ីផា អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រឡាច និងលោកអធិការរង នៃអធិការដា្ឋននគរបាលស្រុកកំពង់ត្រឡាច បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីកិច្ចសហការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈសម្រាប់ ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពសហប្រធានអង្គប្រជុំរួមមាន ឯកឧត្តម ស៊្រន សំឫទ្ធី អភិបាលរង នៃគណ:អភិបាលខេត្ត និងលោក ឈឹម ច័ន្ទធន ប្រធានលេខាធិការដ្ឋានខេត្តរៀបចំការបោះឆ្នោត ។
I. លទ្ធផល នៃកិច្ចប្រជុំ÷
១. លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត បានបើកវគ្គបណ្តុះបណ្តាល ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ រយ:ពេល ២ ថ្ងៃ ចាប់ពីថ្ងៃអង្គារ ១២កើត និងថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ និង២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅក្រុងស្រុកទាំង៨ ដោយមានការចូលរួមពី អភិបាលរងក្រុងស្រុក អធិការរងក្រុងស្រុក លោកគ្រូបង្គោលក្រុងស្រុក លោក និងលោកស្រីមេឃុំ ចៅសង្កាត់ ជំទប់ទី២ ប្រធានក្រុមចុះឈ្មោះបោះឆ្នោត ស្មៀនឃុំ សង្កាត់ និងសមាជិកការីកុំព្យូទ័រទាំង ៧១ ឃុំសង្កាត់ បានរួចរាល់។
២. មានគណបក្សនយោបាយ ចំនួន ២ គណបក្ស ដែលស្នើសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ តែជាក់ស្តែងមានតែគណបក្សប្រជាជនកម្ពុជា ដែលបានចុះឈ្មោះភ្នាក់ងារគណបក្សនៅតាមឃុំសង្កាត់ទាំង ៧១ ចំណែកគណបក្សហ្វុនស៊ីនប៉ិច មិនទាន់បានចុះឈ្មោះភ្នាក់ងារគណបក្សនៅឡើយ។
៣. សម្រាប់ស្រុកកំពង់ត្រឡាច÷ គណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក សហការជាមួយអធិការដ្ឋាននគរបាលស្រុក និងរដ្ឋបាលឃុំទាំង ១០ ក្នុងស្រុកកំពង់ត្រឡាច÷
អធិការដ្ឋាននគរបាលស្រុក បានរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈសម្រាប់ ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ជូនស្នងការដ្ឋាននគរបាលខេត្តរួចរាល់។
បានផ្សព្វផ្សាយក្រមសីលធម៌ ជូនភ្នាក់ងារសន្តិសុខសម្រាប់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១០ បានរួចរាល់។
ប្រធានក្រុមចុះឈ្មោះបោះឆ្នោតទាំង១០ ក្នុងឃុំកំពង់ត្រឡាច បានរៀបចំប្រតិទិន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ រួចរាល់។
II. ផែនការអនុវត្តបន្ត÷
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ស្នើសុំឲ្យអាជ្ញាធរមូលដ្ឋាន ផ្ដល់កិច្ចសហការ និងជួយជំរុញឲ្យប្រជាពលរដ្ឋមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឲ្យឆ្លើយតបតាមផែនការ។
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ស្នើសុំឲ្យរដ្ឋបាលក្រុងស្រុក ប្រមូលអនុក្រឹត្យតែងតាំងក្រុមប្រឹក្សាឃុំសង្កាត់ ដើម្បីត្រៀមរៀបចំបញ្ជីឈ្មោះបោះឆ្នោតជើសរើសក្រុមប្រឹក្សាក្រុងស្រុកខ័ណ្ឌ និងរាជធានីខេត្ត នាពេលខាងមុខ៕