ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីបូកសរុបលទ្ធផលការងារដែលសម្រេចបាន និងលើកទិសដៅអនុវត្តបន្ត.!
(ខេត្តកំពង់ឆ្នាំង)% ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ៖កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីបូកសរុបលទ្ធផលការងារដែលសម្រេចបាន និងលើកទិសដៅអនុវត្តបន្ត។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ស្នងការ ស្នងការរង មេបញ្ជាការកងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក ចូលរួមផ្ទាល់នៅសាលាខេត្ត និងកងកម្លាំងទាំងបីនៅថ្នាក់ក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងនាយប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ ចូលរួមតាមប្រព័ន្ធ Zoom។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងសមត្ថកិច្ច មន្ទីរ អង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកអស់កម្លាំងកាយចិត្ត ខិតខំបំពេញការងារតាមភារកិច្ចរៀងៗខ្លួន ទទួលបានលទ្ធផលល្អគួរឲ្យកត់សម្គាល់ ជាពិសេស នារយៈពេលចុងក្រោយនេះ ក្រុមការងារចម្រុះបានចុះបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទ នៅតាមបណ្ដាក្រុង ស្រុកជាប់ដងទន្លេសាប ដោយបានរុះរើ ដកហូតឧបករណ៍នេសាទជាច្រើនប្រភេទ និងបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសនេសាទ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនដូចជា បន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សាធារណៈ ត្រៀមលក្ខណៈក្នុងការថែរក្សា ការពារសន្តិសុខក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ និងបន្តចុះបង្ក្រាបបទល្មើសនេសាទឲ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត បង្ការ ទប់ស្កាត់បទល្មើសនានាដទៃទៀត បន្តយកចិត្តទុកដាក់គ្រប់គ្រងដីព្រៃលិចទឹកនៅតំបន់៣ បន្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ពិសេសវីរុសបម្លែងថ្មី បន្តជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ត្រៀមលក្ខណៈឆ្លើយតបគ្រោះមហន្តរាយជាយថាហេតុ និងការងារសំខាន់ៗមួយចំនួនទៀត។
ពាក់ព័ន្ធនឹងពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ រដ្ឋបាលខេត្តបាននឹងកំពុងរៀបចំ តុបតែង កែលម្អទីតាំងកម្សាន្តមួយចំនួននៅក្នុងក្រុងកំពង់ឆ្នាំង ហើយខ្ញុំបាទបានណែនាំដល់គ្រប់រដ្ឋបាលក្រុង ស្រុក ឲ្យកសាងផែនការរៀបចំសង្ក្រានឆ្នាំថ្មី នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបង្កើនបរិយាកាសរីករាយឲ្យប្រជាពលរដ្ឋបានចូលរួមកម្សាន្តសប្បាយ បន្ទាប់ពីខកខានអស់រយៈពេល២ឆ្នាំមកនេះ តែត្រូវបន្តយកចិត្តទុកដាក់អនុវត្តតាមបរិបទនៃការរស់នៅតាមបែបគន្លងថ្មី។
ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានឧបត្ថម្ភថវិកា និងប្រេងឥន្ធនៈជូនក្រុមការងារចុះបង្ក្រាបបទល្មើសនេសាទទាំង៤ក្រុម ដឹកនាំដោយអភិបាលរងខេត្ត ដោយក្នុងមួយក្រុមៗទទួលបានថវិកា ៣លានរៀល ប្រេងឥន្ធនៈ ៣០០លីត្រ ឧបត្ថម្ភថវិកា ៨លានរៀល និងប្រេងឥន្ធនៈ ២០០០លីត្រ ជូនស្នងការដ្ឋាននគរបាលខេត្តសម្រាប់ចុះប្រតិបត្តិការបង្ក្រាប និងឧបត្ថម្ភថវិកា ២លានរៀលជូនមន្ទីរព័ត៌មានខេត្ត។