ព័ត៌មានជាតិ លោក គឹម សន្តិភាព ៖រដ្ឋាភិបាលបានសម្រេចបន្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញនិងក្រុងតាខ្មៅដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩សម្រាប់រយៈពេល៧ថ្ងៃបន្តទៀត.. ចេញផ្សាយបន្ថែម ថ្ងៃទី 26 ខែ Apr ឆ្នាំ 2021 82 ចែករំលែក {ភ្នំពេញ}÷នៅព្រលប់ថ្ងៃទី២៦ខែមេសាឆ្នាំ២០២១លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានបញ្ជាក់ឲ្យ ដឹងថា ÷ រាជរដ្ឋាភិបាលបានសម្រេចបន្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩សម្រាប់រយៈពេល៧ថ្ងៃបន្តទៀតរហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១តាមរយៈសេចក្តីសម្រេចលេខ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។រយៈពេលនៃការបិទខ្ទប់នេះអាចត្រូវបានបន្តបន្ថែមទៀតអាស្រ័យលើការចូលរួមអនុវត្តរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់និងស្ថានភាពនៃការវិវត្តនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ភូមិសាស្រ្តដែលត្រូវបានបិទខ្ទប់ ត្រូវបានបែងចែកជា“តំបន់ក្រហម”“តំបន់លឿងទុំ” និង“តំបន់លឿង”។“តំបន់ក្រហម” សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ក្នុងសហគមន៍។“តំបន់លឿងទុំ” សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។“តំបន់លឿង”សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍។ការកំណត់ភូមិសាស្ត្រណាមួយក្នុងតំបន់បិទខ្ទប់ ជា “តំបន់ក្រហម”“តំបន់លឿងទុំ”ឬ “តំបន់លឿង”ត្រូវធ្វើឡើងដោយសេចក្តីសម្រេចរបស់អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញនិងរបស់អភិបាលនៃគណៈអភិបាលខេត្តកណ្តាលសម្រាប់ភូមិសាស្ត្រក្រុងតាខ្មៅនៃខេត្តកណ្តាល។ការកំណត់ភូមិសាស្ត្រក្នុងតំបន់បិទខ្ទប់ជា “តំបន់ក្រហម” “តំបន់លឿងទុំ” ឬ “តំបន់លឿង” ព្រមទាំងវិធានដែលត្រូវអនុវត្តចំពោះតំបន់នីមួយៗស្របតាមសេចក្តីសម្រេចនេះត្រូវចាប់ផ្តើមអនុវត្តចាប់ពីម៉ោងសូន្យនាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១តទៅ៕ 82 ចែករំលែក