មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីអបអរសាទរខួបលើកទី១០៩ នៃទិវាអន្តរជាតិនារី ០៨ មីនា ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ”
កំពង់ឆ្នាំង៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ បានរៀបចំពិធីសំណេះសំណាលជាមួយមន្រ្តីរាជការក្នុងមន្ទីរ ដើម្បីចូលរួមអបអរសាទរខួបលើកទី១០៩ នៃទិវាអន្តរជាតិនារី ០៨ មីនា ២០២០ ក្រោមអធិបតីភាព លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង។
ទិវាអន្តរជាតិនារី ០៨មីនា គឺជាព្រឹត្តិការណ៍ដែលមានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់នារីទូទាំងពិភពលោក ក៏ដូចជានារីក្នុងព្រះរាជាណាចក្រកម្ពុជានិយាយជារួម និងនិយាយដោយឡែក សម្រាប់មន្ត្រីរាជការជានារី ដែលបាននិងកំពុងត្រៀមខ្លួនចូលរួមអបអរសាទរប្រកបដោយសេចក្តីរីករាយ និងមោទនភាព ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” ដែលប្រធានបទនេះបានរំលេចអំពីគុណូបការៈនៃ “សន្តិភាព”។
គូសបញ្ជាក់ថាៈ ទិវានារីអន្តរជាតិ៨ មីនា ធ្វើឡើងដើម្បីរំឮកអំពីវីរភាពអង់អាចក្លាហាននៃការតស៊ូរបស់នារីនៅទូទាំងសាកលលោក ក្នុងការទាមទារអោយមានការលើកកម្ពស់ សិទ្ធ សេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធស្មើគ្នារវាងបុរស និងស្រ្តីនៅក្នុងសង្គម។
ឆ្លៀតក្នុងឱកាសនោះដែរលោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមថាៈ ការប្រារព្ធទិវានារីអន្តរជាតិនាឆ្នាំនេះ ធ្វើឡើងចំពេលដែលប្រទេសជាតិ កំពុងមានសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ស្ថេរភាពនយោបាយ។ រាជរដ្ឋាភិបាលបានគាំទ្រ និងផ្ដល់ឱកាស លើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រី ក៏ដូចជាពង្រឹងសមភាពយេនឌ័រនៅក្នុងសង្គមផងដែរ ជាចុងបញ្ចប់សូមជូនពរដល់ថ្នាក់ដឹកនាំ មន្រ្តីទាំងអស់ សូមប្រកបទៅដោយសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការ និងសូមឲ្យជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តកុំបីឃ្លាងឃ្លាតឡើយ ៕
(ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង)
📷សូម Join Telegram Channel ខាងក្រោម សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ ពីក្រុមការងារព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង Telegram/លេខទូរស័ព្ទ📲 012 472 568